ថតវីដេអូពេលលេង Games ឬប្រើកម្មវិធីតាមរយៈ Game DVR ក្នុង Windows 10

ថតវីដេអូពេលលេង Games ឬប្រើកម្មវិធីតាមរយៈ Game DVR ក្នុង Windows 10

Windows 10 បានរួមបញ្ចូលនូវកូនកម្មវិធីមួយឈ្មោះ Game DVR ដែលជាផ្នែករបស់កម្មវិធី Xbox សម្រាប់ធ្វើការ​ថត​សកម្មភាពពេលលេងហ្គេង ដើម្បីទុកមើលពេលក្រោយ ឬអាចចែករំលែកអោយមិត្តភ័ក្រមើលតាម Youtube ។ ទោះបីជាឈ្មោះកម្មវិធីនេះសម្រាប់ហ្គេមក៏ពិតមែន ក៏ប៉ុន្តែអ្នកក៏អាចប្រើកម្មវិធីនេះដើម្បីថតសកម្មភាពពេលប្រើប្រាស់កម្មវិធីទុកសម្រាប់ធ្វើការបង្រៀនក៏បាន ។

Game Bar

ដើម្បីចាប់ផ្ដើមថតសកម្មភាព អ្នកត្រូវបើកបង្ហាញ Game Bar ដោយចុច Windows Keys + G នៅពេលអ្នកកំពុងប្រើកម្មវិធី ដែលចង់ថត ។ បើអ្នកមិនឃើញ Game Bar ទេអ្នកត្រូវតែកែ Settings ហ្គេមរបស់អ្នកពី Full screen ទៅជា Windows mode វិញ ។

game bar

នៅលើ Game Bar អ្នកនឹងឃើញរូប icon កម្មវិធី Xbox, ថតដោយស្វ័យប្រវត្តិ(background recording), ថតរូបភាពអេក្រង់(screenshot), ថតវីដេអូ, និងចូល Settings ។

ចាប់ផ្ដើមថត

ដើម្បីថតវីដេអូ បើក Game Bar(Windows Keys + G) រួចចុចលើប៊ូតុង ពណ៍ ។ ម៉ោងនឹងចាប់ផ្ដើមរាប់នៅផ្នែកខាងស្ដាំ លើ ។ រូបម៉ោងនេះនឹងមិនថតចូលទៅជាមួយវីដេអូនោះឡើយ ។ អ្នកក៏អាចបិទម៉ោងនោះមិនអោយបង្ហាញផងដែរ ដោយគ្រាន់តែចុចលើសញ្ញាព្រួញចុះក្រោមក្នុងផ្ទាំងម៉ោងនោះ ។

ដើម្បីបញ្ឈប់ការថត បើក Game Bar(Windows Keys + G) ម្ដងទៀតរួចចុចប៊ូតុងក្រហមម្ដងទៀត ។

អ្នកក៏អាចប្រើ shortcut key ខាងក្រោមដើម្បីបញ្ជាការថតផងដែរ៖

  • Windows Key + Alt + R – ថត ឬបញ្ឈប់ការថត
  • Windows Key + Alt + T – បិទ ឬបង្ហាញម៉ោងថត

record

បើសិនជាអ្នកចង់ថតយកតែរូបភាពវិញ គឺត្រូវបើក Game Bar ដូចគ្នារួចចុចលើប៊ូតុងរូបកាមេរ៉ា ។ អ្នកក៏អាចប្រើ shortcut Windows Key + Alt + Print Screen ដើម្បីថតផងដែរ ។

កែប្រែ Settings

បើសិនជាអ្នកមិនពេញចិត្ត default shortcut keys ទាំងនោះទេ អ្នកអាចធ្វើការផ្លាស់ប្ដូរបាននៅក្នុង settings របស់កម្មវិធី Xbox ដែលមានស្រាប់នៅក្នុង Windows 10 ។

settings sss

នៅក្នុង Settings នេះអ្នកអាចកំណត់អោយថតស្វ័យប្រវត្តិដោយបើក Record that ទៅ On ។ បើសិនអ្នកបើក option នេះរាល់សកម្មភាព គឺថតដោយស្វ័យប្រវិត្តិ តែវានឹងកាត់យកតែ ៣០វិនាទីចុងក្រោយរបស់វីដេអូ ឬទៅតាមនាទី ដែលអ្នកកំណត់តែប៉ុណ្ណោះ ។ ការបើក option នេះអាចធ្វើអោយម៉ាស៊ីនដើរយឺតជាងមុន ។ ក្រោយពីបើក option នេះរួចអ្នកនឹងអាចចុចប៊ូតុងថតដោយស្វ័យប្រវត្តិនៅលើ Game Bar បាន ។

Background Record

នៅក្នុង Settings នេះផងដែរ អ្នកក៏អាចកំណត់ប្រវែងថត ទីតាំងថត ទំហំនិងកំរិតច្បាស់របស់វីដេអូ និងសំលេងផងដែរ ។

game settingssss

Options មួយចំនួន អ្នកអាចកែប្រែដោយផ្ទាល់នៅលើ settings របស់ Game Bar ផងដែរ ។

Game Bar Settings

ទីតាំងវីដេអូថតរួច

ជាទូទៅបើសិនជាអ្នកមិនកែប្រែទីតាំងដើមទេ អ្នកអាចបើកមើលសកម្មភាព ដែលអ្នកថតទុកនៅ Folder ឈ្មោះ Account របស់អ្នក \Videos\Captures ។

Record Directory

អ្នកក៏អាចបើកមើលវីដេអូ និងរូបភាព ដែលអ្នកថតរួចនៅក្នុងកម្មវិធី Xbox ផងដែរដោយគ្រាន់តែចុចលើប៊ូតុងរូប Game DVR នៅក្នុងកម្មវិធីនោះ ។

Game DVR Watch Recorded

បច្ចុប្បន្ននេះ Game DVR មិនអាចថត system application មួយចំនួន ដូចជា ​Windows Explorer បានទេ ។ ហើយ​កម្មវិធីនេះក៏មិនអាច edit វីដេអូ ដែលថតរួចផងដែរ ៕